នៅសាលាបង្រៀនហែលទឹក Blue Dolphin យើងទាំងអស់គ្នាជឿថាការជួយសង្គមកាន់តែច្រើន នឹងធ្វើអោយយើងរីកចម្រើនកាន់តែឆាប់រហ័ស ។ ចាប់តាំងពីការចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ 2017 Blue Dolphin បានចូលរួមក្នុងការងារសង្គមនិងការងារមនុស្សធម៌ជាច្រើននៅទូទាំងប្រទេសកម្ពុជារួមមានខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញជាដើម។ គំនិតផ្តួចផ្តើមទាំងនេះមានគោលដៅតែមួយគត់គឺដើម្បីទប់ស្កាត់ និងកាត់បន្ថយចំនួនកុមារងាយរងគ្រោះដោយសារការលង់ទឹកនៅតាមសហគមន៍ជនបទដាច់ស្រយាលក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាគ្រូបង្រៀនហែលទឹក យើងទាំងអស់គ្នាមានសេចក្តីរំភើបរីករាយនៅពេលដែលឃើញស្នាមញញឹម និងលឺសំលេងសើចក្អាកក្អាយរបស់កុមារាកុមារីនៅតាមតំបន់ជនបទដាច់ស្រយាល។ យើងត្រូវបានបំផុសគំនិតដោយរឿងរ៉ាវ និងខ្សែរជីវិតរបស់ពួកគេម្នាក់ៗ។ ពួកគេបាននឹងកំពុងបង្រៀនយើងអំពីសារៈសំខាន់នៃការជួយដល់សហគមន៍ ហើយក្នុងពេលជាមួយគ្នានេះដែរវាបានធ្វើឱ្យយើងដឹងថា Blue Dolphin នៅមានការងារ និងកាតព្វកិច្ចជាច្រើនដែលយើងត្រូវធ្វើ ដើម្បីធ្វើឱ្យសហគមន៍របស់យើងក្លាយជាទីកន្លែងដែលល្អប្រសើរជាងមុន និងមានសុវត្ថិភាពជាងមុនសម្រាប់កុមារដែលងាយរងគ្រោះ។
សាលាបង្រៀនហែលទឹក Blue Dolphin សូមយកឱកាសនេះដើម្បីថ្លែងអំណរគុណដល់គ្រប់ស្ថាប័នទាំងអស់ដែលបាននឹងកំពុងបន្តជួយឧបត្ថម្ភដល់សកម្មភាពបង្រៀនហែលទឹកជាច្រើននាពេលកន្លងមកក៏ដូចជាការងារមនុស្សធម៌នាពេលអនាគតផងដែរ។ ការរួមចំណែករបស់អ្នកបាននាំមកនូវផលជាវិជ្ជមានមិនអាចកាត់ថ្លៃបានដល់ជីវិតរបស់កុមារងាយរងគ្រោះរាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជា។
ការរួមសហការគ្នា យើងនឹងអាចជួយកុមារបាន់កាន់តែច្រើន!